Subscribe:

Tuesday, June 4, 2013

ប្រវត្តិអង្គរ

ប្រាសាទអង្គរវត្ត


អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប។ នគរវត្ដជាស្នាដៃដ៏ធំចម្បងអស្ចារ្យ របស់ ព្រះ   បាសរ្យវរ្ម័ទនទី២ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដ ក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរផងដែរ។ នគវត្ដមានកសិណ រឺគូទឹក ព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដ របស់ ប្រា សាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិស ខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបាន រកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។ប្រាសាទអង្គរវត្តស្ថិតនៅត្រង់កន្លែងដែលមាន កូអរដោនេ13°24′45″N, 103°52′0″Eកូអរដោនេ:13°24′45″N, 103°52′0″E

 អំពីឈ្មោះប្រាសាទ

ពាក្យថាអង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ សាវរស អង្គរមកពីពាក្យសំស្ដ្រឹតថា នគរមានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់នៅ ។ រួមន័យមកអង្គរវត្ត មានន័យថាជាទីក្រុងដែលមានវត្តពុទ្ធសាសនា។ប្រាសាទអង្គរវត្តមានឈ្មោះដើមថា “ប្រាសាទបរមវិស្ណុលោក“។ ការវិវត្តន៍នៃឈ្មោះ អង្គរវត្ត នេះអាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រ។ តាមសិលាចារិកនៅសតវត្សរ៍ទី១៦ បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក។ ពាក្យ ឥន្ទ្រប្រត្ថ មានន័យថា “ទីក្រុងរបស់ព្រះឥន្ទ“។ មួយចំណែកទៀតនៅសតវត្យរ៍ទី១៧ត្រូវបានគេហៅថា “ឥន្ទបត្ថម្ភានគរស្រីសុធរវពិស្ណុលោក“។ឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់ប្រាសាទដែលជាបូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅខេត្តសៀមរាបច្រើននិយមហៅ ឈ្មោះរួមមួយថាអង្គរវត្តតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធនៅលើពិភពលោកទាំងអស់បានកំណត់ហៅឈ្មោះរួមមួយថា អង្គរវត្ត រហូតមកដល់បច្ចុប្បន្ន។

ប្រវត្តិ

ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទព្រះបាទសូរ្យវរ្ម័នទី២(ខ្លះសរសេរ : ព្រះបាទសូរិយាវរ្ម័នទី២) (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល[១]។បើតាមលោកហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែការវិវត្តន៍នៃឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារិកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ថ បញ្ជាក់ទៅលើការឆ្លងពីព្រហ្មមញ្ញសាសនា ទៅព្រះពុទ្ធសាសនាហិនយាន។ ពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែននៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជាវត្តទាំងពីរនៅក្នុង ប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្ថបុរីខាងត្បូង និងឥន្ទបត្ថបុរីខាងជើង ។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ បរមវិស្ណុលោក រីឯ ស្រីសុធរជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោថបុរ ។) ហើយមួយចំណែកទៀតនៅសតវត្យរ៍ទី ១៧ ហៅថាឥន្ទបត្ថម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំណែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរវត្តតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ អង្គរវត្ត។

 ស្ថាបត្យកម្ម

ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព ។នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត ។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង ។

 ចម្លាក់ថែវនៅលើជញ្ជាំងប្រាសាទអង្គរវត្ត

ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃ ថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។ ចម្លាក់ទាំងនោះរួមមាន៖(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី ២ ។(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ ។(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេតា និងពួកអសុរៈ ។(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។
ដកស្រង់ចេញពី    http://km.wikipedia.org/wiki/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E2%80%8B%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F

0 comments:

Post a Comment