Subscribe:

Wednesday, June 19, 2013

រឿង បុរសបួននាក់មិនបម្រើឳពុក

ដំណើររឿង

ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់ រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។
លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូចេ្នះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹមវិញរហូតដល់ស្លាប់។ ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ។ កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រឡាញ់​បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផេ្សងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថា។ កាលកូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយមេខ្លះគិតថា ប្រហែលប្អូនគេឲ្យហើយ មេខ្លះគិតថា បងឯណោះគេឲ្យហើយ កូនប្រសានាំគ្នាគិតដូចេ្នះតែរៀងៗខ្លួន។ យូរៗថៃ្ងទៅតានោះអត់បាយ ១ពេលក៏មាន ១ពេលក៏មាន។វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសាថា កូនឈឺ ខ្លះថាខ្លួនពុំនៅ ជាប់រវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណា ប្តីតាមវាទាំងអស់។ ចំណែកតា ពោះម៉ាយ អត់បាយគ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនាពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថៃ្លប៉ុន្មានផង ហើយគ្មានជ្រកនៅផង។ កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្ត សប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃពេកក៏សាកសួរថា «លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្តាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ ម៉េចក៏ឥឡូវលោកតា​វេទនាខ្លាំងម៉េ្លះ។ ក្រែងលោកតាមានកូនប្រុសមានកូនប្រុសៗដល់ទៅ៤នាក់ដែរឫមេ្តចក៏កូននោះវាមើលបំណាំមិនថែទាលោកត សោះ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរ​ឬមេ្តចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ ប្រើប្រាស់ ?» តាចាស់ប្រាប់ទៅវិញថា "ឱហ្ន៎ ! លោកចៅអើយ ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែន​ ប៉ុនែ្តតាអាណិតស្រលាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ។ គិតថាឲ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀត។ វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធវាទាញទៅ ចូលរន្ធក្តាមក៏វាចូលដែរ។ ខ្លួនតាសព្វថៃ្ងឈឺផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុត ដេកសំរក់ទឹកភែ្នកជោកខ្នើយអស់ទៅហើយ បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយ ពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ។ ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ថៃ្ងស្លាប់ទេ»។ ចៅកំលោះលាន់មាត់ថា «យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎។ បើអីចឹងលោកតាកុំភ័យ។ មានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញ។ លោកតាធ្វើតាម ឲ្យលោកតារកពាងមានមាត់តូចល្មមមួយជុះអាចម៍និងនោមឲ្យពេញហើយរក កំណាត់សំពត់រុំបិទមាត់ឲ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមកឲ្យ លោកតានិយាយប្រាប់គេថា ខ្ញុំនៅសល់កំណប់ប្រាក់មាស១ពាងកប់ទុក ពុំទាន់ចែកឲ្យកូនណានៅឡើយ ចាំមើលកូនណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះ។ លោកតានិយាយប្រាប់មនុស្ស ដែលជួបកុំខាន ក្នុងរវាងប៉ុន្មានថៃ្ងខែខាងមុខនេះ កុំឲ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹក មកជូនពិសារ កុំព្រួយ»។ តាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់។លុះបានប្រហែល៥ថៃ្ង សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់។ វាមានចិត្តលោភលន់ចង់បានកំណប់ តែរៀងខ្លួន ក៏នាំគ្នាយកបាយទឹកនំចំណីផែ្លឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមា មកផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់ថៃ្ង ពុំមានខ្វះថៃ្ងណាមួយឡើយ។ តាចាស់បានសះជារោគមានសាច់ឈាមស្រស់បស់ មានកំលាំងពលាំង សុខ កាយសប្បាយចិត្ត តាំងពីថៃ្ងនោះមករហូតដល់អស់អាយុ។ លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិក អធមតាមទំនៀមរួចស្រេច កូនទាំង៤នាក់ និងកូនប្រសាគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ប៉ុនែ្តក្រែងចែក មិនស្មើភាគនាំឈ្លោះប្រកែកគ្នា ក៏ទៅរកគ្រូហ្មម្នាក់ឲ្យជួយចែក។ លោកគ្រូនោះទទួលព្រម ប៉ុនែ្តគាត់លឺថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយចំណែកដែរ ហើយគាត់គិតក្នុងចិត្តថា «គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង»។ គាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូត ក្បាលធំទើងមើងធ្វើឲ្យខូងកណ្តាល​ដូចគេទូលជើងឆ្នាំងផ្ងារ ក៏តាំងអង្គុយពែនភែ្ននលើដី រាបរលីង ធេ្មចភែ្នកសង្រួមស្មឹងស្មាធិ៏ ឈរមុខត្រង់ទៅទិសខាងកើត ហើយគាត់ប្រាប់កូនទាំង៤នាក់ឲ្យទៅ គាស់យកពាងកំណប់មក។ ប៉ុនែ្តគាត់ហាមថា កុំអាលស្រាយមាត់ពាងក្រែងខុសត្រណមចាំគាត់បង្គាប់សិន។ លុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង៤នាក់ឈរគ្រប់ទិសទាំង៤ ធេ្មចភែ្នកយកដៃទាំងអស់គ្នាចាប់ លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់ មកលើក្បាលគាត់។ បើកំណប់ជ្រុះទៅទិសណាប៉ុន្មានៗ ត្រូវបានទៅអ្នកឈរកំណាន់ទិសនោះ បើកំណប់ណា នៅសល់ទើរលើឆ្នូតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់។ កូនទាំង៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យល្អៀង។ ភរិយាទាំង4នាក់ឈរកាន់កញ្ជើររៀងខ្លួន ចាំកើប។ ក្នុងពេលដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលផងដែរ។ និមិត្ត តែគេលើកពាងបិទទូលរួច ស្រាយមាត់ពាង​ផ្អៀងចាក់ឈូរមក ទឹកម៉ាំត្រាំលាមកច្រើនខួប ហូរឆស្រោចលើក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់បាចសាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡូស ពាសពេញមុខមាត់និងសំពត់អាវ រហូតដល់នាងប្រពន្ធទាំង៤នាក់ទៀត។ លោកគ្រូបានចំណែកច្រើនជាងគេ ធុំក្លិនខ្មោះថាមិនត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោកឡើងសោះកគ្រោះ ខ្មាសអស់ពួកបរិស័ទដែលឈរចាំមើល។ ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងៗខ្លួន ទើបលោកគ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់ និងកូនប្រសាថា »ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយ ក្លាយទៅជាអាចម៍នោមប្រឡាក់ខ្លួនអញ់អស់ដូចេ្នះយី ! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន» លោក គ្រូនិងកូនសិស្សនាំគ្នារត់រហ័ស លោតទំលាក់ខ្លួនទៅក្នុងទនេ្លប្រូងខំត្រាំទឹកលាងបាបអស់១ម៉ោងម្នាក់ៗ រួចនាំគ្នាឡើងទៅលើផ្ទះរៀងៗខ្លួន បានសេចក្តីក្តៅក្រហាយស្តាយក្រោយ ខ្មាសគេតកូនតចៅ។

0 comments:

Post a Comment