លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញនាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុតបានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។
លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លាង និងអ្នកស្រី ស៊ីប ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន។ លោកឪពុករបស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបងនិងជា ទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង។ លោកឪពុក របស់លោកបានលាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។
លោក ស៊ីន ស៊ីសាមុតបានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងពេលអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំដោយចូលចិត្តកូតទ្រ ដេញហ្គីតា និងចាប៉ី។ ជាញឹកញាប់លោក ត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដំទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសានាដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។ ចំពោះការបរិភោគចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ ពងទាចៀនជាម្ហូបដែលគេចូលចិត្តញ៉ាំជាប្រចាំ ។លោកបញ្ចប់ការសិក្សាចំនេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងនាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេងដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោកគ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថាជាអ្នកមានទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មីដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញអោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចំរៀងពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។ ប្រភព:វីគីភីឌា
Sunday, June 16, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment