រឿងរ៉ាវដែលធ្វើឲ្យពិភពលោកទទួលស្គាល់ថា ជាប្រទេសជាប់ចំណាត់ថ្នាក់នៅក្នុងការសម្លាប់ជាតិសាសន៍ឯងនៅក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩នោះ គឺប្រទេសកម្ពុជា ហើយអ្វីដែលធ្វើឲ្យពិភពលោកកាន់តែមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងនោះ គឺមន្ទីរឃុំឃាំងស-២១ ក្នុងរាជធានីភ្នំពេញ ដែលគ្រប់គ្រងដោយលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច។អតីតអ្នកជាប់ឃុំនៅទួលស្លែងម្នាក់ គឺលោក វ៉ាន់ ណាត បានឲ្យដឹងថា នៅក្នុងពេលដែលគាត់ត្រូវគេយកទៅឃុំឃាំងនៅមន្ទីរស-២១នោះ លោកសង្កេតឃើញថា កាំង ហ្កេចអ៊ាវ ហៅ ឌុច គឺជាថ្នាក់ដឹកនាំម្នាក់ដែលមានសេចក្ដីថ្លៃថ្នូរគួរឲ្យគោរព។ប្រភពពីប្រជាពលរដ្ឋដែលធ្លាប់បានស្គាល់ ឌុច ពីមុនៗមក និងឯកសារស្រាវជ្រាវនានា បានឲ្យដឹងថា ដើមឡើយ ឌុច គឺជាបុរសម្នាក់ដែលមានចរិតស្លូតបូតមិនសូវនិយាយស្ដីឡើយ។
ការធ្វើឲ្យមានមនុស្សស្លាប់នៅទួលស្លែងជិតពីរម៉ឺននាក់ នៅក្រោមការគ្រប់គ្រងរបស់ ឌុច គឺជារឿងដែលធ្វើឲ្យគេនឹកស្មានមិនដល់។ ដូចគ្នានេះ គ្រូបង្រៀននៅខែត្របន្ទាយមានជ័យ ម្នាក់ឈ្មោះ ជូ វិន ថ្លែងដូច្នេះថា ៖ «ក្នុងអំឡុងពេលនោះ ខ្ញុំមិនបានចាប់អារម្មណ៍អំពីបញ្ហាថា ខ្មែរក្រហម ឬមេគុក ឬក៏ឈ្មោះ កាំង ហ្កេកអ៊ាវ អីផ្សេងៗខ្ញុំអត់បានចាប់អារម្មណ៍ទេ។ ក្រោយមកពេលឮថា ចាប់ខ្លួនបាន គឺឮឈ្មោះតែម្ដង។ ខ្ញុំភ្ញាក់ខ្លួន មិននឹកស្មានថា គាត់ធ្វើធំដល់ម្លឹង»។ប៉ុន្តែវាបានកើត និងបន្សល់ភស្តុតាងជាច្រើនរួចហើយ។អតីតអ្នកជាប់ឃុំនៅទួលស្លែង ឬមន្ទីរស-២១ ម្នាក់ទៀត គឺលោក ជុំ ម៉ី ឲ្យដឹងថា លោក កាំង ហ្កេកអ៊ាវ តាំងពីពេលនៅជាប្រធានមន្ទីរឃុំឃាំងនោះ រហូតមកទល់នឹងពេលនេះ គឺ ឌុច នៅតែជាមនុស្សមានចរិតកាចសាហាវដដែល។តើ កាំង ហ្កេកអ៊ាវ ហៅ ឌុច ជានរណា?ឯកសារពេជ្ឈឃាដបាត់ខ្លួនរបស់អ្នកនិពន្ធ នីក ដងឡុប បានកត់ត្រាថា កាំង ហ្កេកអ៊ាវ កើតក្នុងគ្រួសារក្រីក្រមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២។ កាំង ហ្កេកអ៊ាវ បានចាប់កំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឪពុកគាត់ឈ្មោះ កាំង គី និងមានម្តាយឈ្មោះ កាំង គីមស៊ីវ។ លោក កាំង ហ្កេកអ៊ាវ គឺជាកូនច្បង ហើយក៏ជាកូនប្រុសតែមួយគត់នៅក្នុងគ្រួសារមួយ ដែលមានសមាជិកប្រាំនាក់ផងដែរ។ប្រសិនបើ កាំង ហ្កេកអ៊ាវ មិនបានកែប្រែឆ្នាំកំណើតរបស់ខ្លួននៅឆ្នាំ១៩៤២នោះទេ ក្នុងឆ្នាំ២០១០នេះ គាត់មានអាយុ ៦៨ឆ្នាំហើយ។កុមារ កាំង ហ្កេកអ៊ាវ បានចាប់ផ្តើមចូលរៀនក្នុងសាលាពោធិ៍អណ្តែត ដែលស្ថិតក្នុងវត្តក្បែរភូមិដែលគាត់រស់នៅ។ បន្ទាប់មកកុមារារូបនេះ បានផ្លាស់ទៅរៀននៅសាលាបឋមសិក្សាកំពង់ចិន ដែលស្ថិតនៅក្បែរសាលាចាស់នោះដែរ។ កាំង ហ្កេកអ៊ាវ ជាមនុស្សដែលញៀននឹងការអានសៀវភៅ ហើយកម្រចេញពីផ្ទះណាស់។នៅឆ្នាំ១៩៦១ ក្នុងពេលពេញវ័យ ១៩ឆ្នាំ យុវជន កាំង ហ្កេកអ៊ាវ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ហើយរូបគាត់ក៏បានទៅបន្តការសិក្សានៅវិទ្យាល័យសូរ្យវរ្ម័នទី២ ក្នុងទឹកដីខេត្តសៀមរាប។ ការសិក្សានៅឯខេត្តសៀមរាប យុវជន កាំង ហ្កេកអ៊ាវ បានប្រឡងជាប់មធ្យមសិក្សាបត្រភាគទី១។ ក្នុងឆ្នាំ១៩៦២ យុវជន កាំង ហ្កេកអ៊ាវ បានមកបន្តការសិក្សាថ្នាក់ទីបញ្ចប់នៅវិទ្យាល័យស៊ីសុវត្ថិ រហូតប្រឡងជាប់មធ្យមសិក្សាបត្រភាគទី២ ផ្នែកគណិតសាស្ត្រដោយទទួលបាននិទ្ទេសល្អទៀតផង។ ឆ្នាំ១៩៦៤ យុវជន កាំង ហ្កេកអ៊ាវ បានចូលរៀននៅវិទ្យាស្ថានគរុកោសល្យ ដើម្បីយកវិញ្ញាបនបត្រធ្វើជាសាស្ត្រាចារ្យ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦៥ កាំង ហ្កេកអ៊ាវ បានទទួលវិញ្ញាបនបត្រគ្រូ ហើយត្រូវបានចាត់តាំងឱ្យទៅបង្រៀននៅអនុវិទ្យាល័យស្គន់។លោក វ៉ាន់ ណាត បន្ថែមថា ក្នុងពេលដែលគាត់ធ្លាប់ជាប់ឃុំនៅទួលស្លែងនោះ គាត់ធ្លាប់ឮអ្នកនៅក្រោមបង្គាប់ ឌុច តែងនិយាយថា កាំង ហ្កេកអ៊ាវ ជាមនុស្សឧស្សាហ៍រៀនសូត្រ ពូកែ រហូតក្លាយជាគ្រូបង្រៀនម្នាក់ដែលសង្គមនៅពេលនោះ បានឲ្យតម្លៃយ៉ាងខ្លាំង។នៅក្នុងការសិក្សារបស់គាត់កន្លងមក យុវជន កាំង ហ្កេកអ៊ាវ តែងតែបានទទួលការជួយជ្រោមជ្រែងទាំងលុយកាក់ និងការលើកទឹកចិត្តពីគ្រូរបស់គាត់ឈ្មោះ កែ គីមហួត ជានិច្ច។ លោក កែ គីមហួត ដែលជាគ្រូរបស់គាត់នោះ គឺជាអ្នកប្រឆាំងរាជានិយមដ៏ស្រួចស្រាល់បំផុត ហើយតាមរយ:ការណែនាំរបស់គាត់ កាំង ហ្កេកអ៊ាវ ប្រាកដជាបានអានកាសែតដែលនិយាយអំពីចលនារំដោះនៅទូទាំងពិភពលោក នាសម័យកាលនោះជាក់ជាមិនខាន។ទ្រឹស្តីមហាលោតផ្លោះរបស់ប្រធាន ម៉ៅ សេទុង នៃប្រទេសចិន តែងតែបានជ្រាបចូលទៅក្នុងផ្នត់គំនិតរបស់ កាំង ហ្កេកអ៊ាវ ហើយរូបគាត់តែងតែនិយាយទិតៀនប្រឆាំងទៅនឹងសក្តិភូមិ រាជានិយម អ្នកមាន និងរបបគ្រប់គ្រងថា បានជិះជាន់ប្រជាជនក្នុងសង្គមនោះជានិច្ច។លោក កាំង ហ្កេកអ៊ាវ មានទំនោរខ្លាំងទៅរកលទ្ធិកុម្មុយនីស្ត។ គាត់បានចូលបក្សកុម្មុយនីស្តកម្ពុជា ក្នុងឆ្នាំ១៩៦៧ តាមរយ:ការណែនាំរបស់ ឆាយ គីមហួ ដែលជាសាស្រ្តាចារ្យនៅវិទ្យាស្ថាន គរុកោ សល្យនៅពេលនោះ។ គឺនៅពេលនោះហើយដែល កាំង ហ្កេកអ៊ាវ បានប្តូរឈ្មោះទៅជា ឌុច ដែលជានាមបដិវត្តន៍របស់គាត់ទៅវិញ។នៅឆ្នាំ១៩៦៩ ឌុច ត្រូវបានប៉ូលិសសម្តេចព្រះ នរោត្តម សីហនុ ចាប់ខ្លួនយកទៅដាក់គុកព្រៃស ពីបទធ្វើសកម្មភាពកុម្មុយនីស្ត។ នៅឆ្នាំ១៩៧១ ក្នុងពេលដែលលោកសេនាប្រមុខ លន់ នល់ ឡើងកាន់អំណាចបានមួយរយ: លោកសេនាប្រមុខបានធ្វើសេចក្តីប្រកាសលើកលែងទោសដល់អ្នកទោសនយោបាយទាំងអស់ ក្នុងនោះក៏មាន ឌុច ម្នាក់ដែរ ដែលត្រូវបានដោះលែងចេញពីគុកព្រៃស។ ក្រោយពេលចេញពីមន្ទីរឃុំឃាំង ឌុច បានទៅលេងក្រុមគ្រួសាររបស់គាត់នៅស្ទោង ខែត្រកំពង់ធំ។ បន្ទាប់មកគាត់បានត្រឡប់មកធ្វើការនៅភ្នំពេញវិញ ហើយបានបាត់ខ្លួនចូលទៅក្នុងពិភពសម្ងាត់ចាប់តាំងពីពេលនោះមក។នៅពេលដែល កាំង ហ្កេកអ៊ាវ បាត់ខ្លួននៅក្នុងឆ្នាំ១៩៧១នោះ គេមិនដឹងថា ឌុច ទៅណាឲ្យប្រាកដនោះទេ។ ក្រោយមកទើបមានបុរសម្នាក់ឈ្មោះ ហម អ៊ិន ជាអតីតអ្នកទោសនៅមន្ទីរឃុំឃាំងអមលាំង ដែលស្ថិតនៅក្រោមការកាន់កាប់របស់ខ្មែរក្រហមក្នុងពេលនោះនៅឡើយ បានឲ្យដឹងថា ឌុច មានតួនាទីជាអ្នកគ្រប់គ្រងអ្នកទោសនៅទីនោះ ដែលហៅថា ម-១៣ និងគុកនៅឯជើងភ្នំឱរ៉ាល់មួយទៀត ដែលអតីតខ្មែរក្រហមនិយមហៅថា ម-៩៩។ឯកសាររបស់អ្នកនិពន្ធ នីក ដងឡុប ដដែលបានឲ្យដឹងទៀតថា សមមិត្ត វ៉ន វេត គឺជាអ្នកតែងតាំង ឌុច ឲ្យធ្វើជាប្រធានសន្តិសុខពិសេសសម្រាប់គ្រប់គ្រងអ្នកទោសនាពេលនោះ។ សមមិត្ត ឌុច មានអនុប្រធានរបស់គាត់ចំនួនពីរនាក់ គឺសមមិត្ត ចាន់ ក្រោយមកក្លាយជាអនុប្រធានគុកទួលស្លែង។ អនុប្រធានរបស់គាត់មួយរូបទៀត គឺសមមិត្ត ប៉ុន ក៏ជាអតីតគ្រូបង្រៀនផ្នែកគណិតសាស្រ្តជាមួយឌុច ផងដែរ។បន្ទាប់ពីកម្ពុជាប្រជាធិបតេយ្យ ទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ សមមិត្ត ឌុច និងកូនចៅរបស់គាត់បានចូលមករាជធានីភ្នំពេញ ហើយប៉ុន្មានខែក្រោយមកទៀតអង្គភាពរបស់គាត់ បានចូលមកកាន់កាប់គុកទាំងអស់ក្នុងរាជធានីភ្នំពេញ និងនៅបញ្ជាការប៉ូលិសជាតិខាងត្បូងផ្សារថ្មី ព្រមទាំងគុកព្រៃស ហើយនិងគុកតាខ្មៅផងដែរ៕
Monday, June 10, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment